អភិបាលខេត្តកោះកុង ដឹកនាំមន្ត្រីរាជការ និងយុវជនបន្តយុទ្ធនាការសម្អាតអនាម័យ ដើម្បីបណ្ដុះស្មារតីពលរដ្ឋ អបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ ក្រុមយុវជនសហភាពសហព័ន្ធយុជនកម្ពុជា ស.ស.យ.ក
យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជន អ.ម.ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួនប្រមាណ ២០០នាក់ បន្តធ្វើយុទ្ធនាការសម្អាតអនាម័យ នៅតាមបណ្ដោយ សួនច្បារមាត់សមុទ្រកោះកុង ( ព្រែក កោះប៉ោ ) ស្ថិតនៅក្នុង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីបន្តពញាក់ស្មារតីពលរដ្ឋលើការងារអនាម័យបរិស្ថាន។
យុទ្ធនាការលើកកម្ពស់សោភ័ណភាពក្នុងខេត្តនេះ លោកជំទាវ អភិបាលខេត្ត តែងតែដឹកនាំចុះធ្វើជាហូរហែរ ក្នុងន័យបំផុសឲ្យពលរដ្ឋគិតគូរយកចិត្តទុកដាក់ ក្នុងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ។ ដោយឡែក សកម្មភាពនាថ្ងៃនេះ ក៏ដូចជាធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ » ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង-Tourism and Green Investment ។
ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរទេសចរណ៍ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ។
ក្នុងឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានអានសារលិខិត របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរទិវារទេសចរណ៍ពិភពលោក នាពេលកន្លងទៅ ។ លោក ជំទាវ អភិបាលខេត្ត បានសម្តែងនូវការសាទរ នូវខ្លឹមសារដ៏មានអត្ថន័យ ក្នុងស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តលើការងារថែរក្សាអនាម័យតាំងពីទីក្រុង រហូតដល់ជនបទ គោលដៅទាក់ទាញភ្ញៀវទេសចរ និងវិនិយោគបៃតង ។
ថ្លែងទៅកាន់មន្ត្រីរាជការ ថ្នាក់ដឹកនាំ និងក្រុមយុវជនសិស្សានុសិស្ស លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា «អនាម័យដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសុខភាព» ពោលគឺ អនាម័យផ្តើមចេញពីយើង
ម្នាក់ៗគ្រប់ៗគ្នា ដោយផ្តើមចេញពីការចេះស្រលាញ់ភាពស្អាត មានអនាម័យ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពដោយមិនបោះចោលពាសវាសពាសកាល នោះសុខភាពយើងនឹងល្អទាំងអស់គ្នា។
បន្ថែមពីនោះ លោកជំទាវ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនលើការងារអនាម័យនេះ ដើម្បីសោភ័ណភាព និងសុខភាព ពិសេសត្រូវបន្តថែរក្សាអនាម័យក្នុងការរស់នៅឱ្យកាន់តែល្អប្រសើរ ៕









Post a Comment