ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ដ្រីរាជការគយនិងរដ្ឋាករ បានផ្ដើមធ្វើ បុណ្យកឋិនទានសាមគ្គី

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ដ្រីរាជការគយនិងរដ្ឋាករ បានផ្ដើមធ្វើ បុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ន្ធសីមា វត្តភ្នំឆ្មារ ស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ប្រកបដោយសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ។

នារសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ រៀបចំពិធីក្រុងពាលី និមន្ដព្រះសង្ឃចំនួន ៧ អង្គសូត្រមន្ដចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនាដោយព្រះសតិមង្គល អ៊ុក ង៉ូវ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តពិភទ្ទរង្សី ហៅវត្តចិនដំដែក ព្រមទាំងជួបជុំភ្ញៀវកិត្តិយសពិសាភោជនាហារ នៅទីតាំងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមចាប់មគ្គផល និងផ្តល់បច្ច័យ ពីសំណាក់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាភ្ញៀវកិត្តិយសមកពីក្រសួង-ស្ថាប័ន និងវិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំនិងមន្ដ្រីរាជការគយនិងរដ្ឋាករយ៉ាងច្រើនកុះករ។

លុះព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឆ្នាំដដែល ឯកឧត្តមបណ្ឌិត គុណ ញឹម និងលោកជំទាវ ប៉ាន់ ត្រាប្រណី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ដ្រីរាជការគយនិងរដ្ឋាករ បានដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់ វត្តភ្នំឆ្មារ និងធ្វើពិធីដង្ហែប្រទក្សិណជុំវិញព្រះវិហារយ៉ាងអធិកអធម បូជាទៀនធូប ធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល តាមទំនៀមទម្លាប់ និងវិន័យព្រះពុទ្ធសាសនា ហើយបច្ច័យដែលទទួលបានពីពិធីបុណ្យនេះ ត្រូវបានបវារណាចំពោះព្រះសង្ឃ និងសង្កត់ត្រៃសម្រាប់កសាងសេនាសនៈនានាទុកជាគរុភណ្ឌក្នុងវត្តអារាម ហើយសូត្រយំកិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យ។​

លើសពីនេះ អង្គកឋិនទាន ក៏បាននាំយកទេយ្យទាននិងបច្ច័យមួយចំនួនដែលទទួលបានពីបុណ្យកឋិនទាននេះ ទៅវេរប្រគេនព្រះសង្ឃនៅ វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែក ស្ថិតនៅរាជធានីភ្នំពេញ, វត្តអូរធំ និង វត្តដីបាក់ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និង វត្តសំពៅប្រាំ ស្ថិតនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត ផងដែរ។










No comments

Powered by Blogger.