ថ្នាក់ដឹកនាំនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមមីទ្ទិញខួបអនុស្សាវរីយ៍ លើកទី៧០ ,នៃ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) នៅសាលា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារ ធនធានមនុស្ស តំណាងឱ្យលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនទាំង១៣ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកនាយការិយាល័យទាំង៣១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមមីទ្ទិញខួបអនុស្សាវរីយ៍ លើកទី៧០នៃ ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) ដែលប្រារព្ធធ្វើឡើង នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វើ ឡើងក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់មន្ទីរ-ស្ថាប័ន កងកម្លាំងទាំង៣ស្ថាប័ន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជន លោកតាលោកយាយ ព្រះសង្ឍ យ៉ាងច្រើនកុះករ ។
គួរំលឹកដែរថាថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវឱ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។
បន្ថែមពីលើការប្រារព្ធ ពិធីអបអរសាទរនៅថ្ងៃទី៩ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏ បានដាក់ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់ សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ៕
























Post a Comment