វរៈសេនានគរបាល និងកងទ័ពតាមព្រំដែន ខេត្តកោះកុង តែងត្រូវបានយកចិត្តទុកដាក់ខ្ពស់

ដោយ សំរិទ្ធិ ភារុន

( កោះកុង ) លោក ហាក់ ឡេង អភិបាលរងនៃគណ:អភិបាល ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្ត ចុះសួរសុខទុក្ខ និងជូនពរ ដល់នគរបាលវរ:សេនាតូចការពារព្រំដែនគោក៨២៧ និងទីបញ្ជាការផ្នែកសឹករងស្រុកមណ្ឌលសីមាខេត្តកោះកុង 

នាឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។


ថ្លែងក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង ÷ បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្ត តែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំ និងគ្រប់កាលៈទេសៈពីសុខទុក្ខ និងជីវភាពរបស់បងប្អូននគរបាល និងកងទ័ព ព្រមទាំងក្រុមគ្រួសារកងទ័ពទាំងអស់ ពិសេសកងកម្លាំងនៅតាមបន្ទាត់ព្រំដែន។ 


ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បីបានដឹងពីសុខទុក្ខ ចែករំលែកក្តីស្រឡាញ់ ការនឹករលឹក និងដើម្បីផ្សារភ្ជាប់ពីសមរភូមិមុខ ជាមួយសមរភូមិក្រោយ ព្រមទាំងមានអំណោយមួយចំនួនជូនដល់កងកម្លាំងយើង នាឱកាសចូលឆ្នាំថ្មីខាងមុខ ទោះបីអំណោយនេះមិនអាចបំពេញគ្រប់តំរូវការ តែក៏ជាសិល្ប:នៃការចែករំលែក និងដើម្បីអបអរជាមួយបងប្អូនកងកម្លាំង សម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង។


លោក អភិបាលរងខេត្ត ÷ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកងកម្លាំងទាំងអស់ ដែលបានលះបង់គ្រប់យ៉ាងដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពដែនដី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្រសួង ការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ។


លោក ហាក់ ឡេង សូមជម្រុញ ណែនាំកងកម្លាំងត្រូវពង្រឹង សហការជាមួយអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសនានាឱ្យបានទាន់ពេលវេលា។ 


ជាចុងក្រោយ លោក ហាក់ ឡេង អភិបាលរងខេត្ត បានស្នើសូមឱ្យកងកម្លាំងទាំងអស់ ចុះតាមដានត្រួតពិនិត្យ ជាប្រចាំនៅតែបណ្ដោយព្រំដែន រក្សាការសម្ងាត់ រាល់ព័ត៌មានផ្ទៃក្នុងនានា ជូនព័ត៌មាន សុំជំនួយជាយោបល់ឬគោលការណ៍ ទៅថ្នាក់ដឹកនាំ ចូលរួមអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានល្អប្រសើរ ចៀសវាងនិងទប់ស្កាត់ការផុសឬផ្សព្វផ្សាយព័ត៌មានមិនពិតនានា អាចបង្កភាពចលាចលនៅក្នុងសង្គម ។ 


ពិសេសជាងនេះ សូមកងកម្លាំងទាំងអស់ ហាត់ប្រាណ ហ្វឹកហាត់ ជាប្រចាំដើម្បីមានរាងកាយមាំមួន មានសុខភាពល្អ ដើម្បីបម្រើជាតិមាតុភូមិរបស់យើង ឱ្យកាន់តែមានភាពរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ៕
















No comments

Powered by Blogger.