ចូលឆ្នាំសកល២០២៤ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរសរុបចំនួន ២៧,០៩០ នាក់ កើនឡើង ១៣,៩២៤ នាក់ ស្មើនឹង ១០៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។

(ដោយ សំរីទ្ធភារុន )

របាយការណ៍ស្តីពី ស្ថិតិភ្ញៀវទេសចរ និងស្ថានភាពតាមរមណីយដ្ឋានទេសចរណ៍ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ ដល់ ០១ ខែមករា ឆ្នាំ ២០២៤ ។


យោងតាមរបាយការណ៍ របស់មន្ទីទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា÷ ចំនួនភ្ញៀវទេសចរជាតិ និងបរទេស ស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកោះកុង អំឡុងពិធីបុណ្យឆ្លងឆ្នាំសកលរួមមាន÷ 


- ភ្ញៀវជាតិចំនួន ២៦,៨៦០ នាក់ កើនឡើង ១៣,៨៨០ នាក់ ស្មើនឹង ១០៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២

- ភ្ញៀវបរទេសចំនួន ២៣០ នាក់ កើនឡើង ៤៤ នាក់ ស្មើនឹង ២៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២


សរុបចំនួន ២៧,០៩០ នាក់ កើនឡើង ១៣,៩២៤ នាក់ ស្មើនឹង ១០៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។ 


 ចំណែកភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកកម្សាន្តតាមទីប្រជុំជន ឆ្នេរខ្សាច់ ទីតាំងប្រគុំតន្ត្រី និងរមណីយដ្ឋាន ទេសចរណ៍នានា នៅយប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៣ មានចំនួនប្រមាណ ១០៧, ១០០ នាក់ ។


គូសបញ្ជាក់ថា÷ មូលហេតុនៃការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក៏ព្រោះតែ រដ្ឋបាលខេត្តកោះកុងបានរៀបចំការប្រគុំតន្ត្រី ពិព័រណ៍ផលិតផល និងបាញ់ កាំជ្រួច បូករួមហ្នឹងអាកាសធាតុអំណោយផលល្អ រីឯនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក៏បានរៀបចំកម្មវិធីត្រៀមចូលឆ្នាំសកល ២០២៤ នៅទីតាំងរបស់ខ្លួន ។ 

ពិសេសជាងនេះ បរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋានក៏បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរផងដែរ ។ 


លើសពីនេះ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ឋ និងការចូលរួមរបស់ភ្ញៀវទេសចរ ប្រជាពលរដ្ឋបានសម្អាតអនាម័យតាមគេហដ្ឋាន រមណីយដ្ឋាន សហគមន៍ ធ្វើឲ្យមានសោភ័ណភាពល្អប្រសើរ ។


ដោយឡែក បញ្ហាសន្តិសុខគឺមិនចោទជាបញ្ហានោះទេ ដោយមានការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ឋបានដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍ និងតាមដងផ្លូវសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ។


ក្រៅពីនេះ ក៏មានវិធានការអនុវត្តបន្តជំរុញនិងលើកទឹកចិត្តចំពោះអាជីវកម្ម សេវាកម្មល្អ គោរពតាមការណែនាំរបស់ រដ្ឋបាលខេត្ត ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរ និងអាជ្ញាធរខេត្តផងដែរ ។

No comments

Powered by Blogger.