អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអត្រាពន្ធនិងអាករលើមុខទំនិញមួយចំនួន
ភ្នំពេញ : នាព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអត្រាពន្ធនិងអាករលើមុខទំនិញមួយចំនួន ក្រោមអធិបតីភាពរបស់ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមានតំណាងវិស័យឯកជនមកពី សភាពាណិជ្ជកម្មកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា សមាគមអ្នកនាំចូលចំណីអាហារកម្ពុជា តំណាងក្រុមហ៊ុននាំចេញនាំចូល និងជើងសាគយ សរុបចំនួន ៩៥ រូប ព្រមទាំងមន្ត្រីគយនិងរដ្ឋាករ ចំនួន ៨៥ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានាទូទាំងប្រទេស។
លោកអគ្គនាយករងជាគណអធិបតី បានបញ្ជាក់ថា កន្លងមក អត្រាពន្ធនិងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ក្នុងគោលបំណងរក្សាបាននូវតុល្យភាពនៃការប្រមូលចំណូលចូលថវិកាជាតិ និងជំរុញក៏ដូចជាគាំទ្រវិស័យនានាដែលជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចជាតិ។
ដោយឡែក ការកែសម្រួលអត្រាពន្ធនិងអាករពេលនេះ គឺផ្តោតការលើកទឹកចិត្តផ្នែកពន្ធនិងអាករបន្ថែមទៀត ដើម្បីរួមចំណែកសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីកាត់បន្ថយអតិផរណានៃតម្លៃម្ហូបអាហារលើទីផ្សារក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។
មន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញជូនអង្គសិក្ខាសាលានូវខ្លឹមសារសំខាន់នៃអនុក្រឹត្យ ពាក់ព័ន្ធនឹងការបញ្ចុះអត្រាពន្ធគយលើបណ្តាមុខទំនិញ “ម្ហូបអាហារ” ចំនួន ១៨៩ បន្ទាត់ពន្ធ និងអត្រាអាករនាំចេញលើមុខទំនិញ “ធ្យូងពីឫស្សី និងលលាដ៏ដូង និងធ្យូងពីឈើផ្សេងទៀត” ចំនួន ៤ បន្ទាត់ពន្ធ ដែលមានភាពចាំបាច់សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជំរុញការនាំចេញធ្យូងដែលផលិតពីកាកសំណល់ផ្សេងៗ។
ការយល់ដឹងច្បាស់នូវខ្លឹមសារនៃអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ដែលនឹងចូលជាធរមានពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៥ នេះ គឺជាប្រទីបសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសធុរជននាំចេញ-នាំចូល អាចតម្រង់ទិសដៅអាជីវកម្មរបស់ខ្លួនបានសមស្រប ព្រមទាំងអាចទាញយកផលចំណេញបានជាអតិបរមាពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ។








Post a Comment