អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា (អគរ) បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធគ្រប់គ្រង ភាពជឿជាក់លើធុរជន ជំនាន់ថ្មី (TCMS v.4) .!!
ភ្នំពេញ : នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើ ធុរជនជំនាន់ថ្មី (TCMS v.4) និងនីតិវិធីនៃកិច្ចដំណើរការ ស្នើសុំចុះបញ្ជីធុរជនក្នុង ទម្រង់អេឡិចត្រូនិក” សម្រាប់មន្ត្រីគយនិងរដ្ឋាករ ធុរជន និងនីតិបុគ្គលជើងសាគយ នៅសាលប្រជុំ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពរបស់លោក ស្រេង សំណាង ប្រធាននាយកដ្ឋានសវនកម្មគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានសិក្ខាកាមចូលរួម សរុបប្រមាណ ១០០ រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកប្រធាននាយកដ្ឋានបាន គូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ នូវការធ្វើ ទំនើបកម្មនិងស្វ័យ ប្រវត្តិកម្មប្រព័ន្ធវាយតម្លៃកម្រិតអនុលោមភាពធុរជន ដែលជាផ្នែកមួយនៃយន្តការកិច្ចស ម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញការធ្វើសាមញ្ញកម្មនីតិវិធីគយ, កាត់បន្ថយភាពស្មុគស្មាញឱ្យបានជាអតិបរមា និងពន្លឿននីតិវិធីគយឱ្យកាន់តែឆាប់រហ័សបានមួយកម្រិតទៀត។
ដើម្បីចៀសវាសនូវកំហុសនានាជាយថាហេតុ លោកប្រធាននាយកដ្ឋាន ក៏បានលើកទឹក ចិត្តដល់សិក្ខាកាម ជាប្រធានក្រុមហ៊ុន ឬតំណាងធុរជន និងនីតិបុគ្គលជើងសាគយទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងការសិក្សា ស្វែងយល់ និងតាមដានឱ្យ បានលម្អិតពីរំហូរនីតិវិធីនៃការអនុវត្ត ប្រព័ន្ធជំនាន់ថ្មីនេះ ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារលិខិតលេខ ៥៦៩២/២៤ អគរ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សិក្ខាសាលានេះ ដំណើរការទៅ ដោយទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ពី សិក្ខាកាមតាមរយៈកម្មវិធីសំណួរ-ចម្លើយ ដែលបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍។ អង្គសិក្ខាសាលាបានបញ្ចប់ប្រកបដោយ បរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបានផ្លែផ្កាគួរ ឱ្យកត់សម្គាល់។












Post a Comment