មន្ទីរកិច្ចការនារីខេត្តកោះកុង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា
(ដោយ លោក សំរិទ្ធ ភារុន )
( ខេត្តកោះកុង ) ដើម្បីអបអរសាទរខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត និងមន្ទីរកិច្ចការនារីខេត្ត បានសហការគ្នារៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ក្រោមប្រធានបទ៖«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
លោកស្រី សុខ សធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានបញ្ជាក់ថា : ទិវាអន្តរជាតិនារី នៅឆ្នាំនេះ គឺប្រារព្វឡើងក្រោមប្រធានបទ“សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”ក្នុងគោលដៅដើម្បីគូសបញ្ជាក់ អំពីសារៈសំខាន់ នៃការទទួល បាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ហើយមន្ទីរកិច្ចការនារីខេត្ត បានជួយគាំទ្រ និងបណ្តុះបណ្តាលដល់ស្រ្តីនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង ចងក្រងធ្វើអំបោះ និងផលិតផលសម្រេចបានក្នុងសហគមន៍លក់ទៅទីផ្សារ។ គាំទ្រការផលិតផលចេកឆាបដល់ស្រ្តីនៅស្រុកថ្មបាំង និងអប់រំផ្សព្វផ្សាយយល់ដឹងជាច្រើនទៀតពីបញ្ហាយេនឌ័រក្នុងសហគមន៍។
ក្នុងនោះដែរ មន្ទីរកិច្ចការនារីខេត្តកោះកុង រយ:១ឆ្នាំកន្លងទៅ មន្ទីរបានសហការជាមួយស្ថាប័ន អង្គភាព មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដោយផ្តោតលើការងារផ្សព្វផ្សាយអប់រំយល់ដឹង និងជួយសម្រួលផ្លូវច្បាប់ករណីមានអំពើហិង្សាលើស្រ្តី និងកុមារចំនួន៤ករណីនៅប្រព័ន្ធតុលាការក៏ដូចជាក្រៅប្រព័ន្ធតុលាការ។
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈ អភិបាលខេត្តកោះកុង បានសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ មន្ទីរកិច្ចការនារី បំពេញការងារដ៏មមាញឹក សម្រេចបាននូវលទ្ធផលល្អប្រសើរ បានជំរុញ និងរៀបចំកម្មវិធីនេះឡើង ដើម្បីជាការចូលរួមអបអរសាទរនូវសមិទ្ធផលសំខាន់នានា ដែលស្ត្រីសម្រេចបានតាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅទូទាំងខេត្ត ក៏ដូចជាសម្រេចបាននូវកាតព្វកិច្ចរបស់កម្ពុជា នៅថ្នាក់តំបន់និងសកល។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានជំរុញ និងសូមសំណូមពរ ដល់ថ្នាក់ដឹកនាំ គ្រប់បណ្តារមន្ទីរអង្គភាព អង្គការ ក្រុមហ៊ុន គ្រឹះស្ថានការងារនានា សូមជួយចូលរួមលើកទឹកចិត្ត និងផ្តល់អាទិភាព ឱកាសបន្ថែមដល់ស្ត្រី មន្ត្រីរាការ បុគ្គលិកជានារី ក្នុងការទទួលបានអាទិភាពការងារ និងការពង្រឹងសមត្ថភាពចំណេះដឹង តាមរយៈចូលបំរើការងារ និងសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានា ទាំងក្នុងនិងក្រៅប្រទេស ពិសេស ការចូលរួមក្នុងកិច្ចប្រជុំនានា ដើម្បីជាការបង្កើនភាររីកចំរើនអភិវឌ្ឍន៍ជីវភាព និងការបង្កើនភាពអង់អាច និងទំនុកចិត្តបន្ថែមទៀតផងដែរ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ទៀតថា ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់ស្ត្រី និងកុមារី នៅទូទាំងប្រទេស និងពិភពលោក៕



Post a Comment