ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ៥៧៦ដើម ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីកម្ទេចចោល

(ដោយ សំរិទ្ធិ ភារុន )

( កោះកុង ) ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីកម្ទេចបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ៥៧៦ដើម និងភ្លើងហ្វា ចំនួន ០២គ្រាប់ ដែលកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាន នគរបាលក្រុង-ស្រុក ធ្វើការបង្ក្រាបរយៈពេលកន្លងមក រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ។ នេះ ក្នុងនោះរួមមាន÷ 

១/ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៣២ដើម

២/ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចំនួន ៣០៦ដើម

៣/ អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចំនួន ១៥៥ដើម និងភ្លើងហ្វា ចំនួន ០២គ្រាប់។

៤/ អធិការដ្ឋាននគរបាលស្រុកកោះកុង ចំនួន ១១ដើម

៥/ អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ចំនួន ០៨ដើម

៦/ អធិការដ្ឋាននគរបាលស្រុកគីរីសាគរ ចំនួន ១៥ដើម

៧/ អធិការដ្ឋាននគរបាលស្រុកថ្មបាំង ចំនួន ១៦ដើម

៨/ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចំនួន ៣៣ដើម។ 


លោក គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានលើកឡើងថា÷ ចំពោះករណីដែលបង្ក្រាបបាននៅតាមបណ្ដាលក្រុងស្រុកគឺមិនស្មើគ្នានោះទេ។ ដោយសារកន្លែងខ្លះក៏មានកន្លែងកែច្នៃច្រើន កន្លែងខ្លះក៏តិច បន្ទាប់ពីចុះអប់រំឬដកហូត អញធ្វើកិច្ចសន្យារួចមក ចំនួននៃការកែច្នៃគាត់មានការថមថយចុះ។ 


លោក ស្នងការបន្តថា÷ ក្រៅពីនោះអធិការក្រុងស្រុកក៏បានចុះទៅដល់ខ្នងផ្ទះ ដើម្បីពន្យល់ណែនាំបន្ថែមអំពីការបំពាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលអាចបង្កការរំខានដល់ពលរដ្ឋនិងអ្នកដទៃ ក៏ដូចជាការកែច្នៃភ្លើងហ្វាខុសបច្ចេកទេស ជាដើម។ ហើយសមត្ថកិច្ចរបស់យើងនៅតែបន្តសកម្មភាពចុះបង្ក្រាប អប់រំណែនាំនិងធ្វើកិច្ចសន្យា ដូចជាភ្លៀងរលឹម ។ 


មានប្រសាសន៍ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានកោសសរសើរចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមក្រុងស្រុក ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការទប់ស្កាត់នូវការកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងទប់ស្កាត់ការពារក្រុមក្មេងទំនើង

និងបទល្មើសនានា ក្នុងខេត្តរបស់យើងបានជាបន្តបន្ទាប់។ 


លោក អភិបាលរងខេត្ត សូមលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់បន្តចុះអនុវត្តឲ្យបានជាប្រចាំ ព្រោះថាខេត្តរបស់យើងធ្លាប់ទទួលបានជ័យលាភីជាខេត្តគំរូ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍

ក្នុងពេលកន្លងទៅនេះ។ 


ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនា លេងកំសាន្តក្នុងខេត្តរបស់យើងច្រើន ហេតុនេះយើងជាកងកម្លាំងមានសមត្ថកិច្ច ចូលរួមការពារសុខសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់នូវការធ្វើដំណើរចរាចរណ៍តាមដងផ្លូវ ព្រោះថាខេត្តរបស់យើងឥឡូវមានផ្លូវស្អាត ស្រួលធ្វើដំណើរ អ្នកទេសចរណ៍អាចនឹងមកលេងកម្សាន្តច្រើន។

គួរបញ្ជាក់ថា÷ ការលេងជះទឹកប៉ាតម្សៅ នៅតាមដងផ្លូវនឹងត្រូវបានហាមឃាត់ ដោយហេតុថា អាចបង្កគ្រោះថ្នាក់ឬការរំខានដល់ភ្ញៀវទេសចរណ៍៕











No comments

Powered by Blogger.