យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកោះកុង ក្រោមអធិបតីភាព មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន
(ដោយ លោក សំរិទ្ធ ភារុន )
ខេត្តកោះកុង ; នៅ ថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ ថ្លែងនៅក្នុងឱកាស យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម នេត្រ ភក្រ្តារដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា÷ យុទ្ធនាការអន្ទាក់សូន្យធ្វើឡើងគឺដើម្បី ប្ដូរឥរិយាបទ ប្រជាពលរដ្ឋ ឲ្យបែរមកស្រលាញ់ ចូលរួមអភិរក្ស បញ្ឃប់ការបរិភោគ ឬជួញដូរសត្វព្រៃគ្រប់ប្រភេទ ក៏ដូចជាយល់ដឹងពី ផលប៉ះពាល់នៃ ការបាត់បង់ព្រៃឈើនិងសត្វព្រៃ ។ មិនតែប៉ុណ្ណោះគឺមិនត្រូវ មានដាក់អន្ទាក់ចាប់ និងបរបាញ់ នៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ សត្វព្រៃដែលជាអំពើ ខុសច្បាប់ ។
ឯក ឧត្ដម បានបន្លែមទៀតថា÷ ការដែលយើងនិយមយកឆ្អឹង ឈាម ឬអវយវៈសត្វព្រៃយកមកធ្វើថ្នាំ សម្រាប់ព្យាបាលជំងឺផ្សេងៗ គឺវាមិនបានជួយដល់សុខភាពយើងនោះទេ ថែមទាំងបំផ្លាញសុខភាពយើងថែមទៀត ព្រោះរបស់ទាំងនោះផ្ទុក ទៅដោយមេរោគយ៉ាងច្រើន។ មួយវិញទៀត យុទ្ធនាការអន្ទាក់សូន្យ បង្កើតឡើងដើម្បី ជួយសង្គ្រោះ សត្វដែលងាយរងគ្រោះ សត្វដែលជិតផុតពូជ្រ ឬអាចនិយាយបានថា សត្វដែលកម្រ ដែលកំពុងមានវត្តមាននៅក្នុង តំបន់ឧទ្យាជាតិរបស់យើង ។
ចំណែក លោក ហ៊ុន ម៉ារ៉ាឌី ជាប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានលើកឡើងថា÷ ជាបន្តបន្ទាប់យើងបានបង្រ្កាបបាននៅ បទល្មើសបានជាច្រើនប្រភេទ ក្នុងនោះរឹបអូសបានដូចជា អន្ទាក់ កាំភ្លើងកែឆ្នៃ រណាយន្ដ ជាដើម ដែលជាឧបករណ៍សម្រាប់ ចាប់ឬបំផ្លាញដល់សត្វព្រៃនិងធនធានធម្មជាតិ ព្រមទាំងបានលែងសត្វដែលជាប់អន្ទាក់ ជាច្រើនក្បាល ចូលទៅក្នុងព្រៃវិញក្រោមការសហការណ៍យ៉ាងល្អ ជាមួយអង្គការការពារ សត្វព្រៃ នានា និងដៃគូរពាក់ព័ន្ធ ។ លើសពីនេះ ក៏បានណែនាំដល់ម្ចាស់ ភោជនីយ៍ដ្ឋាន អាហារដ្ឋាន កុំឲ្យយកសត្វព្រៃមកធ្វើជាម្ហូបអាហារ ជាដើម ។
ចំណែក លោក អន សុធារិទ្ធ អភិបាលរង ជំនួសមុខលោកជំទាវ មិថុនា ភូថង គណៈអភិបាលខេត្តកោះកុង បានយល់ឃើញថា÷ ការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃ គឺជាការគំរាមកំហែងដល់តុល្យភាព នៃធម្មជាតិ អស់ជាច្រើនឆ្នាំមកហើយ។ ការសម្លាប់សត្វព្រៃយកសាច់មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពយើងផងដែរ។ សាច់សត្វព្រៃអាចផ្ទុកវីរុស និងរោគជាច្រើន ដែលនាំឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន។
អាជ្ញាធរខេត្តកោះកុង បាននឹងកំពុងសហការជាមួយក្រសួង និងអង្គការដៃគូនានា ជាពិសេសក្រសួងបរិស្ថាន ដែលមានមន្ត្រីឧទ្យានុរក្សរបស់យើងបាននិងកំពុងដើរយាមល្បាតព្រៃឈើ ដោយបានទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ការដាក់អន្ទាក់ ការប្រមាញ់ ការជួញដូរសត្វព្រៃខុសច្បាប់ បានជាបន្តបន្ទាប់។
ខេត្តកោះកុងរបស់យើង មានភាពល្បីល្បាញនិងទាក់ទាញព្រោះ យើងមានធម្មជាតិដ៏ស្រស់ស្អាតនិងសត្វព្រៃកម្រៗជាច្រើនប្រភេទ ហើយខេត្តកោះកុងក៏ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ពោលគឺសំបូរទៅដោយតំបន់អេកូ-ទេសចរណ៍ជាច្រើនកន្លែង ដែលកត្តានេះហើយបានធ្វើឱ្យជីវភាពកាន់តែប្រសើរសម្រាប់សហគមន៍ជុំវិញតំបន់ការពារ។
ដូច្នេះយើងមានកាតព្វកិច្ចការពារសត្វព្រៃ និងព្រៃឈើទាំងនេះ។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង ខ្ញុំសូមគាំទ្រ និងចូលរួមអនុវត្តយុទ្ធនាការ “អន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ” ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមក្នុងការអនុវត្តយុទ្ធនាការនេះ និងសូមអាជ្ញាធរដែនដី កម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ចូលរួមអនុវត្តឱ្យបានល្អប្រសើរ ។












Post a Comment