សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ប្រព័ន្ធសុខដុមនីយកម្ម សម្រាប់មន្រ្តីគយនិងរដ្ឋាករកម្ពុជា”
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយអង្គការគយពិភពលោក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ប្រព័ន្ធសុខដុមនីយកម្ម សម្រាប់មន្ត្រីគយ និងរដ្ឋាករកម្ពុជា - WCO National Workshop for Cambodia Customs on Harmonized System” នៅសាលាជាតិគយ (National Customs School)។ ពិធីបើកអង្គសិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីអ្នកឧទ្ទេសនាមមកពីអង្គការគយពិភពលោក (WCO) ជូនដល់សិក្ខាកាមជាមន្ត្រីគយនិងរដ្ឋាករ ចំនួន ២៥ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលជំនាញដល់មន្រ្តីគយនិងរដ្ឋាករលើការងារចំណាត់ថ្នាក់ទំនិញ ព្រមទាំងជំរុញការអនុវត្ត HS 2022 ឱ្យកាន់តែមានប្រសិទ្ធិភាពផងដែរ។ ឆ្លៀតក្នុងឱកាសបើកវគ្គសិក្ខាសាលានេះ លោកអគ្គនាយករង បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក ព្រមទាំងរដ្ឋបាលគយជប៉ុន ដែលតែងតែមានកិច្ចសហការល្អជាមួយរដ្ឋបាលគយកម្ពុជា ព្រមទាំងផ្តល់ជាថវិកាជំនួយគាំទ្រក្រោមមូលនិធិសហប្រតិបត្តិការគយជប៉ុន (CCF/Japan) និងជំនួយបច្ចេកទេសនានា ដែលអាចធ្វើឱ្យសិក្ខាសាលានេះលេចចេញជារូបរាងបាន។
ជាការពិតណាស់ ការអភិវឌ្ឍស្ថាប័នគឺផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស។ រយៈពេល ០៤ ថ្ងៃ នៃសិក្ខាសាលា ថ្នាក់ជាតិនេះ បានផ្តល់នូវចំណេះដឹងថ្មីៗច្រើនសណ្ឋានពាក់ព័ន្ធនឹងការធ្វើចំណាត់ថ្នាក់ទំនិញ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលក្នុងនោះរួមមាន៖ ការយល់ដឹងបន្ថែមពីអនុសញ្ញា និងលិខិតុបករណ៍ប្រព័ន្ធសុខដុមនីយកម្ម (HS Convention and WCO HS Tools), វិធានបកប្រែទូទៅនៃការធ្វើចំណាត់ថ្នាក់ទំនិញ (General Interpretative Rules), សេចក្តីសម្រេចថ្មីៗរបស់គណៈកម្មាធិការចំណាត់ថ្នាក់ទំនិញនៃអង្គការគយពិភពលោក (WCO Classification Decisions by HS Committee), វិសោធនកម្មប្រព័ន្ធសុខដុមនីយកម្មពីមួយជំនាន់ទៅមួយជំនាន់ (HS Amendments) និងនីតិវិធីនៃការរៀបចំស្នើសុំធ្វើវិសោធនកម្មប្រព័ន្ធសុខដុមនីយកម្ម ទៅកាន់គណៈកម្មាធិការចំណាត់ថ្នាក់ទំនិញនៃអង្គការគយពិភពលោក (WCO HS Amendment Proposal Procedures)។ បន្ថែមពីនេះ សិក្ខាកាមក៏បានផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗរវាងគ្នាតាមរយៈការពិភាក្សាលើករណីសិក្សា ដែលសំដៅធានាបាននូវការធ្វើចំណាត់ថ្នាក់ទំនិញត្រឹមត្រូវនិងមានសង្គតិភាព ក្នុងចំណោមមន្រ្តីគយ ក៏ដូចជារវាងមន្រ្តីគយនិងផ្នែកឯកជន ដើម្បីរួមចំណែកធានាបាននូវនិរន្តភាព ស័ក្តិសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលចូលថវិកាជាតិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ៕






Post a Comment