សេចក្ដីប្រកាសព័ត៌មាន ពិធីប្រគល់និងទទួលថវិកាបរិច្ចាគដល់កាកបាទក្រហមកម្ពុជា
នារសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាំយកថវិកាសប្បុរសធម៌ ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម»។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ថវិកាសប្បុរសធម៌នេះគឺបានមកពីការចូលរួមបរិច្ចាគពីសំណាក់មន្ត្រីគយនិងរដ្ឋាករកម្ពុជាគ្រប់ជាន់ថ្នាក់ និងសប្បុរសជននៃវិស័យឯកជនមួយចំនួនផងដែរ។ ឯកឧត្តមបណ្ឌិតបានបន្ថែមថា ឯកឧត្តមផ្ទាល់ ក៏ដូចជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទាំងអស់មានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកគាំទ្រដល់ការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនានា ជួយជនងាយរងគ្រោះបំផុត និងបន្តពង្រឹងភាពធន់សហគមន៍ផងដែរ។
ជាកិច្ចឆ្លើយតប លោកជំទាវកិត្តិបណ្ឌិត បានជម្រាបជូនគណៈប្រតិភូ អគរ នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកបរិច្ចាគថវិកាសប្បុរសធម៌ដល់កាកបាទក្រហមជារៀងរាល់ឆ្នាំ។






Post a Comment