ពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្សកម្ពុជា ជាមួយព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្តកោះកុង

(ដោយ សំរិទ្ធ ភារុន )

ខេត្តកោះកុង ៖ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯកព្រះឧត្តមក្រុមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិសិក្សាជាតិ ព្រះតំណាងសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តកោះកុងផងដែរ។ 


    មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាននាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ហើយឯកឧត្តម ស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ចូលរួមគ្រាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន សូមព្រះមន្រ្តីសង្ឃត្រូវធ្វើការគ្រប់គ្រងវត្តអារាមឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើងទាំងមូល។ 


     សម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯកព្រះឧត្តមក្រុមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិសិក្សាជាតិ ព្រះតំណាងសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថេរ ដីកា ÷ សូមប្រគេន ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត រួមគ្នាពង្រឹង ពុទ្ធិកសិក្សា ពង្រឹងធម្មវិន័យ ការបើកសាលាពុទ្ធិក និងធម្មវិន័យរួមគ្នាកុំឱ្យសាលាដាច់ដោយឡែកពីគ្នា ពុទ្ធិកត្រូវតែដើរទៅមុខប្រឹងប្រែងពង្រឹងឱ្យបានល្អ។ 


     ព្រះអង្គមានព្រះថេរដីការបន្តថា ÷ សម័យទំនើបនេះ សូមព្រះមន្ត្រីសង្ឃ ភិក្ខុ សាមណេរ ប្រើប្រាស់នៅបច្ចេកវិជ្ជា ឌីជីថល ឱ្យបានត្រឹមត្រូវ កុំប្រើប្រាស់ទំនាក់ទំនងខុស ហើយប្រាស់ចាកអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។ 

     សម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានបញ្ជាក់ សូមព្រះមេគណ ព្រះឧបជ្ឈាយ៍ ត្រូវពិនិត្យមើលកុល្យបុត្រដែលត្រូវបំបួស ត្រូវមកបំពេញបព្វជ្ជា ឱ្យបានត្រឹមត្រូវតាមធម៌ វិន័យ និងច្បាប់រដ្ឋ ដែលក្នុងព្រះវិន័យបានបញ្ញត្តិទុកមានមក ឱ្យអនុវត្ត និងប្រតិបត្តិតាម ជាពិសេសស្របតាមច្បាប់រដ្ឋ។ 


      សម្តេច សូមស្នើ ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណ សហការីអនុគណ និងព្រះចៅអធិការវត្ត ចូលរួមចំណែកតាមកម្លាំងសទ្ធា ឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន ឱ្យបានគ្រប់ៗព្រះអង្គ នេះពិតជាបានបង្ហាញពីការចូលរួមចំណែកជួយរបស់ពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបង្ហាញនូវទឹកព្រះទ័យស្រឡាញ់ជាតិមាតុភូមិរបស់ព្រះសង្ឃខ្មែរផងដែរ៕


 

No comments

Powered by Blogger.