មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុងរៀបចំកម្មវិធីប្រកួតប្រជែងស្មូតកំណាព្យ និងតែងនិពន្ធ អបអរសាទរទិវាគ្រូ បង្រៀន ៥ តុលា
(ដោយ សំរិទ្ធ ភារុន)
( ខេត្តកោះកុង ) នាព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៤ នេះ នៅមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុងបានប្រារព្ធ បើកកម្មវិធីប្រកួតប្រជែង ស្មូតកំណាព្យ និងតែងនិពន្ធ ដើម្បីជ្រើសរើសចំណាត់ ថ្នាក់លេខ១ ថ្នាក់ខេត្ត(ទាំងពីរវិញ្ញាសាខាងលើ) ដើម្បីចូលរួមប្រកួតប្រជែងថ្នាក់ជាតិនាពេលខាងមុខ អបអរសាទរទិវាគ្រូបង្រៀន៥ តុលា ២០២៤ ក្រោមប្រធានបទការអភិវឌ្ឍន៍គ្រូបង្រៀន ដើម្បីអភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ក្នុងពិធីនេះដែលមានការអញ្ជើញចូលរួមពី សំណាក់ លោក ជូ សេរីយា អនុប្រធានមន្ទីរនិងជាប្រធានគណៈកម្មការប្រកួតប្រជែង អស់លោក លោកស្រី ជាគណៈកម្មការ និង អនុគណៈកម្មការនីមួយៗ ចូលរួមដាក់ពិន្ទុ ជាច្រើនរូបទៀត។
មុនការប្រកួត និងក្រោយការប្រកួត លោកលោកស្រីអនុគណៈកម្មការទាំងពីរ និងព្រឹទ្ធាចារ្យដែលមានបទពិសោធន៏ល្អៗយូរមកហើយ បានផ្ដល់ការណែនាំដល់បេក្ខជនមុនដំណើរការប្រកួតប្រឡងចាប់ផ្ដើម។ បន្ទាប់ពីបញ្ចប់ការប្រកួតប្រជែងអនុគណៈកម្មការទាំងពីរវិញ្ញាសាក៏បានផ្ដល់ជាដំបូន្មានល្អៗជាច្រើន និង ចំណុចខ្វះខាតខ្លះៗដើម្បីតម្រង់ទិសនិងការកែលម្អសម្រាប់យកទៅប្រកួតប្រជែងនៅថ្នាក់ជាតិបន្តទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក ជូ សេរីយ៉ា បានមានប្រសាសន៍លើកឡើងថាសម្រាប់បេក្ខជនទាំងអស់គ្នាគឺពិតជាមានសមត្ថភាព ហើយធ្វើបានល្អគ្រប់ៗគ្នា ក្នុងនោះក៏មានចំនុចខ្វះខាតខ្លះៗ ដូចជាកាយវិការ ការស្លៀកពាក់ ទឹកមុខ និងចំនុចដទៃទៀត ជាមួយហ្នឹងគ្នានោះ ក៏ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រនៅចំណុចខ្វះខាតទាំងនោះបន្ថែមទៀត ដើម្បីកែតម្រូវនិងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងបន្ថែមទៀត។ ចំពោះបេក្ខជនដែលមិនទទួលបានជ័យលាភី សូមកុំទាន់មានការបាក់ទឹកចិត្ត ព្រោះត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមប្រកួតប្រជែងនៅឆ្នាំក្រោយបន្តបន្ទាប់។ លោកអនុប្រធានមន្ទីរបានបន្តទៀតថាការដែលបេក្ខជនរបស់យើងមានការចូលរួមប្រកួតប្រជែងមានចំនួនតិចតួចដោយសារតែការប្រកាសព័ត៌មានមានរយៈពេលខ្លីពេក ដូច្នេះបេក្ខជនដែលចង់ប្រកួតមិនបានទទួលព័ត៌មាននិងអាចរៀបចំខ្លួនបានទាន់ពេលវេលា ។
គូសបញ្ជាក់ថា÷ បេក្ខជនដែលចូលរួមប្រកួតប្រជែង ផ្នែកស្មូតកំណាព្យ មានចំនួន៣ នាក់ រីឯបេក្ខជនចូលរួមប្រកួតប្រជែងផ្នែកតែងនិពន្ធមានចំនួន
១ នាក់។
បេក្ខជនដែលជាប់ជ័យលាភីលេខ១
ផ្នែកតែងនិពន្ធគឺបានទៅលើ លោក សៅ រិទ្ធ មកពីសាលាបឋមសិក្សាអណ្ដូងទឹក
នៃស្រុកបូទុមសាគរ ខេត្តកោះកុង។
បេក្ខជនដែលជាប់ជ័យលាភីលេខ១
ផ្នែកស្មូតកំណាព្យគឺបានទៅលើ លោក គៃ កុសល មកពីវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ៕




Post a Comment