មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មន្ទីរអប់រំ មន្ទីរធម្មការនិងប្រព័ន្ធផ្សព្វផ្សាយនានា សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
Apsara News 012 807225 Telegram)
(ដោយ ; សំរិទ្ធ ភារុន)
ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ស្តីពី “ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន
សុវត្តិភាពខេត្តកោះកុង” ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ស្ថិតក្នុង សមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ប្រចាំខេត្តកោះកុង ។ នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍លើកឡើងថា ÷ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅច្បាស់លាស់ប្រកបដោយនិរន្ត៍ភាព ។
លោកជំទាវ អភិបាលខេត្ត បន្ថែមថា÷ ជាមួយនឹងកិច្ចខិតខំរួមគ្នា និងយកចិត្តទុកដាក់អនុវត្តតួនាទី ការកិច្ច ជាពិសេសការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧យ៉ាង របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៣ ខេត្តកោះកុងទទួលបាននូវស្នាដៃល្អគួរជាទីមោទកៈ ដោយ រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៩ នៃខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ មានចំនួន១៥ឃុំ, ជ័យលាភីលេខ២ មានចំនួន១២ឃុំ សង្កាត់ និងជ័យលាភីលេខ៣ មានចំនួន០២ ឃុំ សង្កាត់។ ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ ក៏មានបញ្ហាសេសសល់មួយចំនួនទៀត ដែលនឹងរួមគ្នាដាក់ចេញផែនការបន្តដោះស្រាយ។
លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានលើកឡើងថា÷ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រៀបចំឡើងមានគោលបំណងកាត់បន្ថយ បាននូវបទល្មើសគ្រប់ប្រភេទ និងគ្រប់ទម្រង់ ជាកត្តាផ្តល់ភាពអនុគ្រោះដល់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតបានប្រព្រឹត្តទៅ ដោយរលូន ឆ្លើយតបតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក អភិបាលរងខេត្ត បន្តថា÷ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមប្រឹក្សាប្រឡង ប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអនុវត្តសកម្មភាពការងារ និងបាន សម្រេចលទ្ធផលសំខាន់ៗរួមមាន ៖
រដ្ឋបាលសាធារណៈ បទល្មើសព្រហ្មទណ្ឌ ( បទល្មើសមជ្ឈិម ) ករណីលួច គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ សុវត្ថិភាពសាធារណៈចរាចរណ៍ សកម្មភាពក្មេងទំនើង ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការឆ្លើយតបគ្រោះមហន្តរាយនិងជំងឺរាតត្បាត ជាដើម។
លោក អភិបាលរងខេត្តបន្តថា÷ ចំពោះវិធានការដែលបានដាក់ចេញ បានចងក្រងបណ្តាញសម្រាប់ចែករំលែក និងរាយការណ៍ព័ត៌មានក្នុងសហគមន៍ព្រម ទាំងពង្រឹងកម្លាំងនៅមូលដ្ឋាន ធ្វើការល្បាតជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបង្កឡើង។ ជាមួយនឹងគ្នានោះដែរ លោក ហាក់ ឡេង អភិបាលរងខេត្ត ក៏បានលើកឡើងអំពីបញ្ហាប្រឈមនានា និងការរៀបចំទិសដៅអនុវត្តបន្ត។
ក្នុងឱកាសនោះ ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍ លើកទឹកចិត្តឱ្យអង្គពិធីចូលរួម ជាយោបល់លើកឡើងក្នុងការស្វែង រកបុព្វហេតុនៃបញ្ហានីមួយៗដែលបានកើតឡើងនៅក្នុង ភូមិ ឃុំ សង្កាត់របស់ខ្លួន ព្រមទាំងបញ្ហាប្រឈមផ្សេងៗដើម្បីលើកយកមកជជែកគ្នា ។ ស្របពេលជាមួយគ្នានោះដែរ មានក្រុមប្រឹក្សាសង្កាត់ លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធបានលើកឡើងផ្ដល់ជាមតិយោបល់ យ៉ាងផុសផុលពីបញ្ហាប្រឈម មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងដែនដីរបស់ខ្លួនជូនគណៈអធិបតី ក៏ដូចជាអង្គពិធីបានជ្រាប។
ឯកឧត្តម បានសង្កត់ធ្ងន់ថា÷ គ្រប់បញ្ហាទាំងអស់ទាំងបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង និងនិងបទល្មើសផ្សេងៗកើតមានឡើងសុទ្ធតែមានបុព្វហេតុ ដើមចមរបស់វា។ យើងទាំងអស់គ្នា ត្រូវតែហ៊ាននិយាយការពិត ហើយរួមគ្នារិះរកវិធីសាស្រ្តនិងរៀបចំវិធានការអនុវត្តដោះស្រាយបន្ត។
ឯកឧត្តមបានបន្ថែមថា÷ ក្នុងនាមយើងជាអ្នកបម្រើប្រជាពលរដ្ឋ បម្រើរដ្ឋាភិបាល ដែលពលរដ្ឋទុកចិត្តបោះឆ្នោតជូនយើងត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺដំបូងឡើយ ត្រូវផ្ដើមចេញពីខ្លួនយើងជាអ្នកអនុវត្តច្បាប់ត្រូវធ្វើជាគំរូ ជាពិសេសអប់រំកូនចៅរបស់ខ្លួន ឲ្យប្រព្រឹត្តនូវអំពើល្អ ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ក្នុងសង្គមជាតិ ។
ជាទីបញ្ចប់ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា÷ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាអនុវត្តន៍គោលគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ឱ្យកាន់តែល្អប្រសើរ ដើម្បីមុខមាត់ខេត្តនិងជាតិយើងទាំងមូល ៕



Post a Comment