ការប្រកួតកីឡាដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ - ២០២៥
ភ្នំពេញ : នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកួតកីឡាដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បី “អបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ - ២០២៥” នៅសាលកីឡានៃសាលាជាតិគយ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីសុខភាពនិងមិត្តភាព”។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរៀបចំពិធីប្រកួតកីឡាដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅពេលនេះ មាន ៤ ប្រភេទកីឡា រួមមានកីឡាវាយសី, វាយប៊ូល (ប៉េតង់), វាយកូនឃ្លីលើតុ និងអុកចត្រង្គ និងមានកីឡាករ-កីឡាការិនីជាមន្រ្តីគយនិងរដ្ឋាករមកពីបណ្តាអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេសបានចូលរួមក្នុងការប្រកួត ចំនួន ១៥៣ រូប និងមានអ្នកចូលរួមអបអរសាទរ សរុបចំនួន ១៨០ រូប។
កម្មវិធីប្រកួតកីឡាខាងលើ បានចូលរួមលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុង និងសេចក្តីថ្លៃថ្នូរសម្រាប់អង្គភាពគយនិងរដ្ឋាករ ស្របតាមគោលដៅយុទ្ធសាស្រ្តទី៦ ស្តីពីសមត្ថភាពស្ថាប័ន នៃយុទ្ធសាស្រ្តកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងបានចូលរួមជំរុញចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ដែលជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពនានា នៃបញ្ចកោណទី១. ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏សប្បាយរីករាយនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានសម្តែងនូវការអបអរសាទរដល់កីឡាករ-កីឡាការិនីទាំងអស់ និងបានបំពាក់មេដាយ ប្រគល់ពានរង្វាន់ដល់កីឡាករ-កីឡាការិនី ដែលបានទទួលជ័យលាភីក្នុងការប្រកួត ព្រមទាំងបំពាក់មេដាយកិត្តិយសនិងលិខិតថ្លែងអំណរគុណដល់មន្រ្តីគយនិងរដ្ឋាករ ក្រុមការងាររៀបចំការប្រកួត និងសប្បុរសជនដែលបានជួយឧបត្ថម្ភដល់ការរៀបចំកម្មវិធីប្រកួតផងដែរ។










Post a Comment