ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសាររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់
ខេត្តព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសារតែ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និង ដាក់ទុនយ៉ាងច្រើនលើសលប់។
ការថ្លែងបែបនេះរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នេះ ក្រសួងដែលទទួលបានថវិកាជាតិច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា និងទី២ ក្រសួងសុខាភិបាល ដែលក្រសួងទាំងពីរនេះ ជាក្រសួងអាទិភាពក្នុងការអភិវឌ្ឍ ធនធានមនុស្សគ្រប់ជំនាញ ចំណេះដឹង ចំណេះធ្វើ និងការអនុវត្តផ្ទាល់ក្នុងសង្គម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថា កុមារ ១/៣ អាយុក្រោយ ១២ឆ្នាំ អត់ចេះអានអក្សរ ឬចេះអានតែ មិនយល់អត្ថន័យ ដែលនេះជាការព្រួយបារម្ភមួយ។
ឯកឧត្តម អភិសន្តិបណ្ឌិត ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់មតេយ្យសិក្សា។
ដូច្នេះហើយទើប សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្តួចផ្តើមបង្កើត មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សម្រាប់បណ្តុះបណ្តាលចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។
ជាមួយគ្នានោះ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ស្នើដល់ ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយ មារ សហការជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ធ្វើរបាយការណ៍អំពី សាលាមត្តេយ្យសិក្សា នៅក្នុងស្រុក កំចាយមារ តើមានសិស្សប៉ុន្មាននាក់ គ្រូប៉ុន្មាននាក់ ដែលកំពុងរៀន និងបង្រៀន? ដើម្បីវាយតម្លៃថា តើធនធានគ្រូបង្រៀននៅសាលាមត្តេយ្យសិក្សា មានគ្រប់គ្រាន់ហើយឬនៅ?
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងដែរថា តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា សិស្សដែលបានចូលរៀនពីថ្នាក់មត្តេយ្យសិក្សា គឺសង្ឃឹមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងកម្រិតខ្ពស់។ ផ្ទុយទៅវិញសិស្សដែល មិនបានចាប់ផ្តើមសិក្សាពីថ្នាក់មត្តេយ្យ អត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងកម្រិត ៧០% ទៅ ៧២% តែប៉ុណ្ណោះ។ នេះបង្ហាញថា ការបណ្តុះគ្រឹះចេះអាន ចេះយល់អត្ថន័យពីថ្នាក់មត្តេយ្យសិក្សា គឺកាត់បន្ថយអត្រាសិស្សធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួយឧបត្ថម្ភដល់គ្រូបង្រៀនបន្ថែមម៉ោង ឬគ្រូជាប់កិច្ចសន្យា បន្ថែមលើគោលការណ៍ដែលមានស្រាប់ ចំពោះគ្រូបង្រៀនបន្ថែមម៉ោង ឬគ្រូជាប់កិច្ចសន្យាដែលបង្រៀននៅសាលាមត្តេយ្យក្នុងស្រុកកំចាយមារនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សិក្សាវាយតម្លៃ ថាតើគួរឧបត្ថម្ភក្នុងកម្រិតណា ដើម្បីជាគ្រឹះមួយក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាននៅ ថ្នាក់មត្តេយ្យសិក្សា៕






Post a Comment