លោកស្រី ឈី វ៉ា អភិបារងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ សមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង
(ដោយ លោក សំរិទ្ធ ភារុន )
(កោះកុង) លោកស្រី ឈី វ៉ា អភិបារងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
នេះបានអញ្ជើញជាធិបតីភាព ក្នុងពិធីសំណេះ សំណាល សួរសុខទុក្ខ សមាជិក សមាជិកាសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ដែរមានថ្នាក់ដឹកនាំ និងសមាជិក ស.អ.ក ចូលរួមទាំង៦ ស្រុក និងក្រុង១ ទូទាំងខេត្តកោះកុង ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍
ជួន សុភ័ក្ត្រ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍លើកឡើងថា ÷ ពិធីសំណេះសំណាល សួរសុខទុក្ខ សមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុងនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដែល បាននឹងកំពុងដំណើរការយ៉ាងអធិកអធម ស្របពេលដែលកម្ពុជារក្សាបានយ៉ាងពេញ លេញនូវសន្តិភាព ឯករាជ្យភាព និងអធិបតេយ្យភាព ។ គោលនយោបាយឈ្នះឈ្នះ របស់សម្តេច តេជោ ទប់ស្កាត់បានរាល់សកម្មភាពរបស់ជនជ្រុលនិយមក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតប្រកបដោយតម្លាភាព យុត្តិធម៌ គ្មានអំពើហឹង្សា និងដោយឆន្ទៈប្រជាពលរដ្ឋ ស្របពេលដែលប្រជាជនទូទាំងប្រទេសបានគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) ។
គូសបញ្ជាក់ថា÷ ចំនួនអតីតយុទ្ធជនខេត្តកោះកុង មាន
សមាជិក ស.អ.ក ចំនួនសរុប ៨៧២នាក់ ក្នុងនោះរួមមាន៖
• ជនពិការ ចំនួន ១៣០នាក់
• និវត្តជន ចំនួន ៥៦៣នាក់
• ជនបាត់បង់សមត្ថភាពការងារ
ចំនួន ០៥នាក់
• គ្រួសារជនពលី ចំនួន ១៣០នាក់
• គ្រួសារជនមរណៈ ចំនួន ៤៤នាក់
មានប្រសាសន៍សំណេះសំណាល លោកស្រី ឈី វ៉ា អភិបារងនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍អោយដឹងថា ÷ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែលើកឡើងអំពីការគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើន រហូតដល់សព្វថ្ងៃ។
លោកស្រីអភិបាលរងខេត្តកោះកុងសូមកោតសសើរ ដឹងគុណ និងថ្លែងអំណរអរគុណ÷ ជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង គឺជាគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្ម យ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លោកស្រី ឈី វ៉ា បានស្នើដល់ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ ចូលរួមក្នុងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំ ទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក និងខិតខំកៀរគរសប្បុរសជនជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនៅសេសសល់៕



Post a Comment